អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ

ប៉ៃលិន៖  លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីដាក់បទបញ្ជា និងណែនាំផ្ទាល់ដល់តំណាងក្រុមហ៊ុនកាស៊ីណូចំនួន ០៨ទីតាំង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យបញ្ឈប់រាល់សកម្មភាពភ្នាល់តាមប្រព័ន្ធអនឡាញ (Online Betting) ត្រឹមដំណាច់ខែកញ្ញា នេះ ជាកំហិត។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ការ លុបបំបាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់រូបភាពទាំងអស់ ជាពិសេសល្បែងភ្នាល់តាម ប្រព័ ន្ធ អ៊ីនធឺណិត / អនឡាញ (Online Betting) ដែលជាប្រភពបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត លោកជំទាវបណ្ឌិតអភិបាលខេត្តបានកំណត់កាលបរិច្ឆេទដាក់ ឱសានុវាទចុងក្រោយ ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ហើយចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ តទៅ អាជ្ញាធរ មានសមត្ថកិច្ចនឹងចុះត្រួតពិនិត្យ និងអនុវត្តវិធានការច្បាប់ដោយផ្ទាល់នៅតាមទីតាំងកាស៊ីណូទាំងនោះដោយគ្មានការ លើកលែង ឬយោគយល់ឡើយ គឺគ្រប់កាស៊ីណូទាំងអស់ក្នុងខេត្តត្រូវតែគោរព និងអនុវត្តតាមការកំណត់ពេលវេលានេះ ដោយគ្មានការលើកលែងហើយកាស៊ីណូទាំងអស់ ត្រូវបានអនុញ្ញាតឱ្យមានតែអតិថិជន ដែលមកលេងដោយ ផ្ទាល់ដល់ ទីតាំងប៉ុណ្ណោះ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍អំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ ត្រូវអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដោយបន្តតាមដាន ស្រាវជ្រាវ និងក្តាប់ ព័ត៌មាន ឱ្យបាន ជាប់ជាប្រចាំ ដើម្បីធានាថា បន្ទាប់ពីដាច់ខែកញ្ញានេះទៅ ខេត្តប៉ៃលិននឹងក្លាយជាខេត្តគំរូមួយ ដែលគ្មានសកម្មភាព ល្បែងស៊ីសងតាមអនឡាញ(Online Betting) ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *