(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យរដ្ឋ និងការងារគ្រប់គ្រងដីធ្លីនៅទូទាំងខេត្តកំពង់ចាម។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់អំពីសារសំខាន់ និងភាពចាំបាច់នៃការគ្រប់គ្រង ការចុះបញ្ជី និងការធ្វើបច្ចុប្បន្នភាពទិន្នន័យអចលនទ្រព្យឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីធានាបាននូវតម្លាភាព សុវត្ថិភាពផ្លូវច្បាប់ និងប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ ទាំងពេលចំពោះមុខ និងទៅអនាគត។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ឱកាសជូនតំណាងមន្ទីរ–អង្គភាពជុំវិញខេត្ត លើកឡើងនូវបញ្ហាប្រឈម ការលំបាក និងសំណូមពរនានាទាក់ទងនឹងទីតាំងដីធ្លី ឬទីស្តីការអង្គភាពរបស់ខ្លួន ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយសមស្រប។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា អាជ្ញាធរខេត្តជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់គ្រប់មន្ទីរ–អង្គភាពទាំងអស់ ក្នុងការបំពេញភារកិច្ច និងមានទីតាំងធ្វើការងារសមរម្យ។
ឯកឧត្តមក៏បានផ្តាំផ្ញើ និងរំលឹកដល់គ្រប់មន្ទីរ–អង្គភាពពាក់ព័ន្ធ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ស្រាវជ្រាវ ប្រមូលព័ត៌មាន និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការងាររៀបចំដែនដី និងការគ្រប់គ្រងអចលនទ្រព្យក្នុងខេត្តប្រព្រឹត្តទៅដោយរលូន ជៀសវាងការជាន់ដែនសមត្ថកិច្ច/ដីធ្លីគ្នា និងសម្រេចបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក៕








