ប៉ៃលិន៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អុី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់របស់សាខា មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៧៨៤គ្រួសារ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីព្រួយបារម្ភអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះ ដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត ជាមួយនឹងការផ្តល់អំណោយសម្រាលការលំបាកទាំងអស់នេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិន រស់នៅមានអនាម័យល្អ ហើយបើករណីបងប្អូនមានជំងឺ សូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព នៅជិតបំផុត ឱ្យបានទាន់ពេលវេលា កុំបង្អង់យូរ ដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត ។
លោកជំទាវបណ្ឌិតប្រធាន បានមានប្រសាសន៍កោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកន្លងមកក្នុងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង គឺបានរួមសហការគ្នា ត្រៀមបង្ការ និងជួយសង្គ្រោះប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសតាមដានជាប្រចាំតាមគោលដៅប្រឈមនានា និងជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព ដោយមិនទុកឱ្យប្រជាជនណាម្នាក់រងគ្រោះ ដោយមិនបានជួយនោះឡើយ។នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ពីព្រោះរដូវនេះ ជារដូវមានភ្លៀងធ្លាក់ និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើងជាយថាហេតុ ហើយបើមានបញ្ហាកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបានលឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន។សូមបញ្ជាក់ថា៖ អំណោយមនុស្សធម៌សង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ចំនួន ៧៨៤គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន គ្រឿងឧបភោគបរិភោគ ដូចជា អង្ករ មី ត្រីខ ទឹកត្រី ប្រហុក ពងទា ទឹកបរិសុទ្ធ មុង ភួយ តង់កៅស៊ូ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕











