(បន្ទាយមានជ័យ)៖ ជនរងគ្រោះឈ្មោះ ព្រាប រដ្ឋា ភេទស្រី អាយុ៤៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាននាំឈ្មោះ គីម សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបានប្ដឹងចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត(យកម៉ូតូបញ្ចាំ) ប្រព្រឹត្តកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្រោយពីទទួលបានករណីខាងលើលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាត់ឱ្យកម្លាំងជំនាញធ្វើការសួរនាំទៅលើជនសង្ស័យឈ្មោះ គីម សម្បត្តិ រូបនោះភ្លាមៗ ហើយជនសង្ស័យបានសារភាពថា ខ្លួនមានទំនាក់ទំនងស្រឡាញ់គ្នាជាមួយឈ្មោះ ចាន់ ម៉ី ភេទស្រី អាយុ១៩ឆ្នាំ ដែលជាកូនស្រីបង្កើតរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ គីម សម្បត្តិ បានយកម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅ លាយទឹកប៊ិក ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ ត្រូវជាកូនស្រីរបស់ដើមបណ្ដឹងទៅដាក់បញ្ចាំក្នុងតម្លៃចំនួន ២០.០០០បាត(ពីរម៉ឺនបាត ប្រាក់ថៃ) ហើយយកប្រាក់នោះទៅចាយវាយផ្ទាល់ខ្លួនអស់ពិតប្រាកដមែន។ បន្ទាប់មកកម្លាំងជំនាញបានធ្វើតេស្តទឹកនោមជនសង្ស័យខាងលើរកឃើញមានសារធាតុញៀនវិជ្ជមាន(+)ផងដែរ។លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងទៀតថា ក្រោយសួរនាំរួច កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕



