បន្ទាយមានជ័យ ៖ ផ្ទះចំនួន១៣ខ្នងបន្ថែមទៀត ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជន ចំនួន១៣គ្រួសារ នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា នឹងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) តាមរយៈក្រុមការងារគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត ព្រមទាំងការអញ្ជើញចូលរួម ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម ខេង ស៊ុម អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ រួមនឹងក្រុមការងារខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ។
តំណាងបងប្អូនអតីតយុទ្ធជន ដែលទទួលបានផ្ទះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជននិងយុវជន ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ដែលតែងតែគិតគូរទុកដាក់អំពីជីវភាពរស់នៅរបស់ពួកគាត់ ពិសេសបានផ្តល់នូវដី ផ្ទះសំបែងជូនដល់ពួកគាត់រស់នៅ រួមទាំងដីកសិកម្មសម្រាប់ប្រកបរបរចិញ្ចឹមជីវិតថែមទៀត។
ជាមួយគ្នានោះបងប្អូនអតីតយុទ្ធជន ពួកគាត់ពិតជាមានភាពកក់ក្តៅយ៉ាងចំពោះថ្នាក់ដឹកនាំដែលតែងតែគិតគូរយកចិត្តទក្ខចំពោះពួកគាត់ ជ្រុំជ្រែងជីវភាពពួកគាត់តាមរយៈការឧបត្ថម្ភតាមរយៈគោលនយោបាយផ្សេងៗទាំងប្រាក់ឧបត្ថម្ភ ក៏ដូចជាការព្យាបាលផ្សេងៗ។
សូមជម្រាប់ថា ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្ដល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះ អតីតយុទ្ធជន ដែលពួកគាត់បានលះបង់សាច់ស្រស់ ឈាមស្រស់ និងបម្រើជាតិក្នុងវិស័យការពារជាតិ-សន្តិសុខ) ព្រមទាំងនិវត្តជនមន្ត្រីរាជការស៊ីវិលដែលបានចូលនិវត្តន៍) តាមរយៈគោលនយោបាយ ការឧបត្ថម្ភ គាំទ្រផ្សេងៗជូនដល់ពួកគាត់ជាការតប់ស្នងសងគុណនូវគុណូបការៈដ៏ធំធេងនេះ។ ហើយរាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរលើផ្នែកថវិកាប្រាក់សោធនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាលើជម្រកស្នាក់នៅ ការព្យាបាលជំងឺ កិត្តិយសសង្គម និងសុខុមាលភាពគ្រួសារ របស់អតីតយុទ្ធជន និងនិវត្តជន ស្របតាមបាវចនា “ដឹងគុណ និងមិនបោះបង់អ្នកដែលមានគុណចំពោះជាតិ”៕















