លោក ឃ្លោក នួយ បានដឹកនាំកម្លាំងចម្រុះស្រុក ចុះល្បាត និងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅតំបន់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក

បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឲ្យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហី រីហាំង អភិបាលរង ស្រុក និងជាប្រធានគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិអាងត្រពាំងថ្ម ដឹកនាំក្រុមការងារកម្លាំងចម្រុះចុះល្បាតក្នុងតំបន់អាងទៅតាមមធ្យោបាយទូកស្មាច់២គ្រឿង និងកម្លាំងសរុប ១១នាក់ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការចុះល្បាតនាពេលនេះ គឺដើម្បីការពារ និងអភិរក្សធនធានមច្ឆជាតិនៅក្នុងតំបន់អាងត្រពាំងថ្ម ឱ្យបានគង់វង្ស ជាពិសេសនៅក្នុងអំឡុងពេលរដូវបិទនេសាទនេះ ដែលជាពេលត្រីពងកូន។ អាជ្ញាធរខេត្ត និងកម្លាំងចម្រុះទាំងអស់ មិនបណ្ដែតបណ្ដោយ ឬលើកលែងឱ្យបុគ្គលណាដែលលួចធ្វើសកម្មភាពនេសាទខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិនោះឡើយ។

លោក ឃ្លោក នួយ អភិបាលរង ខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬឧបករណ៍បំផ្លាញកូនត្រី និងសូមរាយការណ៍ជាបន្ទាន់ ប្រសិនបើឃើញមានសកម្មភាពបទល្មើសកើតឡើង ដើម្បីរួមគ្នារក្សាធនធានត្រីឱ្យមានភាពសម្បូរបែប សម្រាប់ជីវភាពរស់នៅរបស់បងប្អូនពលរដ្ឋយើងបានយូរអង្វែង។

គួរបញ្ជាក់ផងដែរថា នៅក្នុងបេសកកម្មចុះល្បាត និងបង្ក្រាបនេះ កម្លាំងចម្រុះបានស្វែងរក និងរឹបអូសឧបករណ៍នេសាទខុសច្បាប់ជាច្រើន ដែលជនខិលខូចបានលួចដាក់អំឡុងពេលរដូវបិទនេសាទ រួមមាន៖ អ៊ុយចំនួន ៨១, ស្បៃមុងប្រវែង ១,៨០០ ម៉ែត្រ, លបកែច្នៃចំនួន ២៥ និងបង្គោលអ៊ុយចំនួន ១០២ដើម។ បន្ទាប់ពីប្រមូលបាន ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ត្រូវបាន លោកអភិបាលរងខេត្ត រួមជាមួយកម្លាំងចម្រុះ សម្រេចដុតបំផ្លាញចោលភ្លាមៗនៅនឹងកន្លែង លើខ្នងទំនប់អាងស្ពានទី១៕

Leave a Reply

Your email address will not be published. Required fields are marked *