(តាកែវ)៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសអំពើលួចយ៉ាងទាន់ពេលវេលា។
ជាក់ស្តែង កាលពីវេលាម៉ោង ៣:០០នាទីទាបភ្លឺ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ ម៉េង ម៉ារ៉ាដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ២០១ បានចុះបង្ក្រាបករណីអំពើលួច នៅចំណុចវត្តត្រគៀត ស្ថិតក្នុងភូមិត្រគៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់៖១/ឈ្មោះ ហេង នី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។២/ឈ្មោះ ហេង បញ្ញត្តិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។៣/ឈ្មោះ ហុង សុខលិ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។
វត្ថុតាងចាប់យករួមមាន៖កុំព្យូទ័រលើតុ ចំនួន ១គ្រឿង,ទូរស័ព្ទដៃ ចំនួន ២គ្រឿង,ម៉ូតូ ចំនួន ២គ្រឿង។បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



