ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនមានមុខរបរក្រៅប្រព័ន្ធ(ម៉ូតូឌុប, ម៉ូតូកង់បី) ចំនួន ៤៥៥នាក់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងបាននាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវ ជូនចំពោះបងប្អូនទាំងអស់។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ដែលជានិច្ចកាលលោកទាំងពីរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសសម្តេច តែងតែមានការអាណិតស្រលាញ់ និងបារម្ភព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ជួបការលំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការជួបសំណេះសំណាលនាពេលនេះ គឺមានគោលបំណង ចង់ដឹងពីសុខទុក្ខរបស់បងប្អូនជាអ្នកម៉ូតូឌុប និងម៉ូតូកង់បី ដែលជាមុខរបរក្រៅប្រព័ន្ធ មិនសូវបាននៅផ្ទះ ដោយជាប់រវល់ ក្នុងការប្រកប ការងារដោះស្រាយជីវភាពគ្រួសារ និងចងក្រងគ្នាជាក្រុម ដើម្បីងាយស្រួលផ្សារភ្ជាប់ទំនាក់ទំនងសង្គម ក្នុងការចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេសការចូលរួមដ៏សកម្ម ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ–ឃុំមានសុវត្ថិភាព។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូ កង់បីទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចជាក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគ យល់អធ្យាស្រ័យគ្នា និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ក្នុងការចូលរួមក្ដាប់ មុខសញ្ញាបទល្មើស ដូចជា ចោរកម្ម គ្រឿងញៀន Online Scam និងហេតុការណ៍ផ្សេងៗ ដើម្បីចាត់វិធានការណ៍ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមបញ្ចាក់ថា៖ ជារៀងរាល់ឆ្នាំ អភិបាលខេត្ត តែងតែជួបសំណេៈសំណាលសួរសុខទុក្ខ ជាមួយបងប្អូនមានមុខរបរក្រៅប្រព័ន្ធ(ម៉ូតូឌុប, ម៉ូតូកង់បី) ដើម្បីបង្កើននូវភាពស្និតស្នាល និងចងក្រងគ្នាជាក្រុម ដែលងាយស្រួលក្នុងការផ្សារទំនាក់ទំនងគ្នាក្នុងគ្រាបងប្អូនមានបញ្ហាណាមួយជាយថាហេតុ ក្នុងការជួយដោះស្រាយបានទាន់ពេលវេលា ព្រមទាំងបានផ្តល់អំណោយឧបត្ថម្ភ រួមមាន៖ អង្ក, ទឹកស៊ីអ៊ីវ, មី, ពងទា, អាវម៉ូតូឌុប និងថវិកាមួយចំនួនផងដែរ៕













