កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៦ បានចុះស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យលួចកាត់ខ្សែភ្លើង ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ២នាក់ រស់នៅក្រុងប៉ោយប៉ែត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅទីតាំងផ្សេងគ្នា បានចំនួន៤នាក់ ១-ឈ្មោះ ម៉ៅ បូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ, ២-ឈ្មោះ ជ្រិញ សុខរ៉ា ហៅក្រៅ មីនាភេទប្រុស អាយុ១៧ឆ្នាំ,៣-ឈ្មោះ ណេត ចាន់ណាន់ ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះ អុល ចយ ភេទប្រុស  អាយុ៣៨ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងប្រព្រឹត្តល្មេីស ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានដើរលួចកាត់ខ្សែភ្លេីងយកទៅលក់ ហើយទិញគ្រឿងញៀនយកមកប្រេីប្រាស់ពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា  ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *