បន្ទាយមានជ័យ ៖ មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦ បានប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ ” ក្មេងមានសកម្លាំង និងស្គាល់ផ្លូវ ចាស់មានបទពិសោធ” ក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុម ប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត បានធ្វើឡើងនៅវិទ្យាល័យ ស្វាយចេក ស្រុកស្វាយចេក ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអានសារលិខិតរបស់សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា។ ហើយឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងថា មនុស្សចាស់ (ចាស់ព្រឹទ្ធាចារ្យ) គឺជាទ្រព្យសម្បត្តិ និងជាធនធានដ៏មានតម្លៃឥតគណនា ដែលពួកគាត់បានលះបង់ កម្លាំងកាយចិត្ត និងជីវិត ដើម្បីកសាង និងការពារមាតុភូមិកម្ពុជាឱ្យគង់វង្សមកដល់សព្វថ្ងៃ។ និងបានឆ្លងកាត់សម័យកាលសង្គ្រាមដ៏លំបាកវេទនា និងបានចូលរួមរំដោះ បង្កើតសន្តិភាព និងការពារទឹកដីជូនកូនចៅរស់នៅក្នុងភាពសុខសាន្ត។
ឯកឧត្ដម ក៏បានបន្តថា មនុស្សចាស់ គឺជា “បណ្ណាល័យរស់” ដែលបានផ្តល់នូវស្នាដៃ កេរ្តិ៍ ឈ្មោះ និងជាអ្នកបានផ្តល់នូវចំណេះដឹង អប់រំទូន្មានកូនចៅៗជំនាន់ក្រោយឱ្យបានដឹង និងអនុវត្តនូវចំនុចល្អៗ ក្លាយជាពលរដ្ឋល្អក្នុងសង្គម។
ដើម្បីតបស្នងសងគុណដល់មនុស្សចាស់ ទាំងនៅក្នុងគ្រួសារ និងសង្គមជាតិ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ជាពិសេសអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងភាពប៉ិនប្រសបរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើនក្នុងការគិតគូរអំពីសុខុមាលភាព ជីវភាព និងកិត្តិយសរបស់មនុស្សវ័យចាស់។
ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ការគោរពដឹងគុណមនុស្សវ័យចាស់ និងលើកកម្ពស់មនសិការរបស់បងប្អូនជនរួមជាតិយើងទាំងអស់ គឺជាការចូលរួមកាន់តែសកម្ម ដើម្បីឱ្យកូនចៅជំនាន់ក្រោយៗទៀតយល់ដឹងអំពីតម្លៃឥតគណនារបស់មនុស្សវ័យចាស់។
សូមបញ្ជាក់ថា ការប្រារព្ធ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង និងបង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើន ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ៕


















