អាជ្ញាធរកម្ពុជា បញ្ជូនជនជាតិថៃ ២៤នាក់ ទៅមាតុប្រទេសវិញ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា

(បន្ទាយមានជ័យ) ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក លៀម សុដា អភិបាលរង ខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធ ធ្វើការបញ្ជូនពលរដ្ឋថៃចេញពីប្រទេសចំនួន ២៤នាក់ ក្នុងនោះស្រី ០៩នាក់ (ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងបទចូលដោយទុច្ចរិតក្នុងទីលានយោធា) ៕

ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ៨២នាក់ ក្នុងនោះស្រី ២៤នាក់ កុមារ ១០នាក់ ព្រមទាំងបានចែកអាហារសម្រន់ជូនដល់ពួកគាត់ពិសារមានបាយ និងទឹកសុទ្ធគ្រប់ៗគ្នាផងដែរ។ ក្រោយពីសួរនាំនិងធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាពប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតរួចពលរដ្ឋខ្មែរខាងលើ ត្រូវបាន ដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *