(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ជុង ជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ បច្ចុប្បន្នរស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០៥កូនថង់កិប ទម្ងន់១,៣៥ក្រាម, ទូរស័ព្ទ ចំនួន០១គ្រឿង, កូនកាបូបចំនួន០១, រួមនឹងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផងពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕



