ខេត្តបន្ទាយមានជ័យ៖អាជ្ញាធរកម្ពុជាដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ កម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានបណ្តេញជនជាតិថៃ ចំនួន ៤៤នាក់ ក្នុងនោះមានស្រី ១៦នាក់ ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ក្រោយពីបង្ក្រាបបាននៅខេត្តសៀមរាប ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ដែលត្រូវបានអនុវត្តទោសរួចរាល់។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមជនជាតិថៃ ៤៤នាក់ ក្នុងនោះមានបុរសម្នាក់ មានជំងឺទន់ដៃទន់ជើងដើរមិនរួច ក៏ត្រូវបានអាជ្ញាធរកម្ពុជាយើងយកចិត្តទុកដាក់មិនរើសអើង មិនប្រកាន់ពូជសាស្ត្រ ប្រគល់រទេះរុញមួយ សម្រាប់ធ្វើជាមធ្យោបាយធ្វើដំណើរផងដែរ ។ហើយមួយវិញទៀតជនជាតិបរទេសទាំងនេះពាក់ព័ន្ធបទល្មើសក៏ត្រូវបានបិទទិដ្ឋការមិនអនុញ្ញាតឲ្យចូលប្រទេសកម្ពុជា រយះពេល ៥ឆ្នាំផងដែរ។
ស្របគ្នានេះដែរ ពោលគឺពេលវេលា ថ្ងៃខែដដែល សមត្ថកិច្ចថៃ ក៏បានប្រគល់ពលរដ្ឋកម្ពុជាមកវិញដែរសរុប ៥២នាក់ ក្នុងនោះស្រី ១៨នាក់ និងកុមារ ០៧នាក់ ដោយប្តូគ្នានៅលើស្ពានមិត្តភាព ពាក់ព័ន្ធលួចឆ្លងដែននិងស្នាក់នៅខុសច្បាប់ ។ក្រោយពីទទួលយកពួកគាត់រួច លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានដឹកនាំមន្ត្រីក្រោមឱវាតផ្តល់អាហារសម្រន់ដល់ពួកគាត់មានបាយសាច់ជ្រូក និងទឹកសុទ្ធ ដល់គាត់គ្រប់ៗគ្នាផងដែរ។ក្នុងនោះ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន ក៏បានណែនាំឲ្យពួកគាត់បញ្ឈប់ការឆ្លងដែនដោយប្រថុយប្រថានខុសច្បាប់បែបនេះបន្តទៀត ងាកមកស្វែងរកការងារក្នុងស្រុក ខណៈក្រសួងការងារប្រកាសស្វែងរកបងប្អូនណាដែលមិនមានការងារធ្វើផងដែរនោះ ។បន្តាប់ពីនេះសមត្ថកិច្ចក៏បានអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ពលរដ្ឋខ្មែរខាងលើ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ៕
































