ខេត្តកំពង់ធំ៖ ក្រោយទទួលបានព័ត៌មាន ថាមានករណីមនុស្សលង់ទឹកនៅចំណុចទំនប់បង្ហៀរទឹក ១មករា ស្ថិតក្នុងភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅវេលាម៉ោង ជាង ៨ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ប៉ុស្តិ៍នគរបាលរដ្ឋបាលបល្ល័ង្ក អាជ្ញាធរមូលដ្ឋាន ប្រជាការពារ រួមនិងប្រជាពលរដ្ឋ បានចុះអន្តរាគមន៍ដោយចុះរាវរក រហូតដល់វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃខែដដែល ទើបរាវរកឃើញសពជនរងគ្រោះ នៅក្នុងទឹកទំនប់កើតហេតុនោះ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា សពមានឈ្មោះ ជិន ចយ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ (ជាមនុស្សមានសតិមិនគ្រប់)។មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូក្នុងស្ថានភាពស្រវឹង ទៅលេងទឹក នៅចំណុចទំនប់បង្ហៀរទឹកខាងលើ ហើយក៏បានលិចបាត់ខ្លួនតែម្តង។បន្ទាប់ពីជំនាញបានធ្វើការពិនិត្យសាកសព បានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយពុំមានការពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ។ សពត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ជាមួយគ្នានោះដែរសមត្ថកិច្ចក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរដូវវស្សានេះមានផ្គរ រន្ទះ ទឹកជន់លិច ដូច្នេះសូមមានការប្រុងប្រយ័ត្នខ្ពស់៕




