បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ០២៦ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងភរិយាលោកជំទាវ ជ័យ ណារី ព្រមទាំងមានការអមំណើរដោយសមាជិក្រមប្រឹក្សាខេត្ត ក្រុមការងារបាននាំយកនូវអំណោយមានគ្រឿងឧបភោគបរិភោគ ត្រី សាច់ សម្ភារៈ ពេទ្យ និងសម្ភារៈប្រើប្រាស់ ផ្តល់ជូនដល់វរៈកងទ័ព វរៈនគរបាល ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។
ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះ “វីរៈកងទ័ពកម្ពុជា” ដែលបានលះបង់គ្រប់បែបយ៉ាងការពារមាតុភូមិ ដែលជានិមិត្តរូបនៃការលះបង់ដ៏ខ្ពង់ខ្ពស់ និងជារបងការពារជាតិយ៉ាងរឹងមាំ ជាឆ្មាំការពារបូរណភាពទឹកដី និងជាអ្នកថែរក្សាសន្តិភាព សន្តិសុខ និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
ឯកឧត្ដម ក៏បានបញ្ជាក់ពីការលះបង់ដ៏ធំធេងរបស់ វីរៈកងទ័ព ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការរំលោភបំពាន និងការឈ្លានពានពីភាគីថៃ មកលើកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែន ធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចង់ចាំ មិនអាចបំភ្លេចបាននូវគុណនូបការៈដ៏ធំធេងនេះ ដោយបានលះបង់ក្តីសុខផ្ទាល់ខ្លួន សុខភាព សាច់ស្រស់ ឈាមស្រស់ និងជីវិតលើសមរភូមិ។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឯកឧត្ដម អភិបាលខេត្ត រួមទាំប្រតិភូ ក៏បានជូនពរដល់បងប្អូនវីរៈកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ និងប្រជាជន ជាពិសេសសត្រូវឈ្លានពានប្រទេសជិតខាង៕


















