បន្ទាយមានជ័យ ៖ អតីតយុទ្ធជន និងគ្រួសារមានជីវភាពខ្វះខាត ក្នុងគម្រោង LASED III ចំនួន ១៨៨គ្រួសារ នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទទួលបានបានអំណោយពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត និងលោកជំទាវ ជ័យ ណា រី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ការនាំយកអំណោយជូនពលរដ្ឋដឹកនាំដោយផ្ទាល់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ដោយមានការ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរ ដោយឯកឧត្តម សមាជិក្រុមប្រឹក្សាខេត្ត និងក្រុមការងារ លោកស្រី ចំ រេីនដាណេ អភិបាលស្រុកភ្នំស្រុក នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៦។
នាឱកាសនោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានជូនពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយពលមាំមួន មានសុភមង្គល និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ។ មួយវិញទៀត ឯកឧត្ដម ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនអាយុគ្រប់អាយុត្រូវទៅធ្វេីអត្តសញ្ញាណប័ណ្ណ និងចុះឈ្មោះបោះឆ្នោតឱ្យគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងចូលរួមដើម្បីបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ឆ្នាំ២០២៧ខាងមុននេះ។
សូមជម្រាប់ថា ប្រជាពលរដ្ឋគោលដៅ ក្នុងគម្រោង LASED III ទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា គ្រួសារក្រីក្រដែលគ្មានដី ឬខ្វះខាតដីពិតប្រាកដ, ទទួលបានដីសម្រាប់សង់លំនៅឋាន និងដីសម្រាប់បង្កបង្កើនផលកសិកម្ម, ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ បន្ទាប់ពីបានបំពេញតាមលក្ខខណ្ឌនៃការរស់នៅ និងអាស្រ័យផលលើដីនោះតាមកំណត់។
មួយវិញទៀត ប្រជាពលរដ្ឋក្នុងតំបន់គម្រោងទទួលបានការសម្រួលដល់ការរស់នៅតាមរយៈ ការកសាងផ្លូវលំជនបទ ផ្លូវក្រួសក្រហម ឬផ្លូវបេតុង សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលទៅលក់នៅទីផ្សារ, ប្រភពទឹកស្អាត និងប្រព័ន្ធធារាសាស្ត្រខ្នាតតូចសម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំ, ទទួលបានការឧបត្ថម្ភពូជដំណាំ ពូជសត្វ (មាន់ ទា ជ្រូក គោ) និងឧបករណ៍កសិកម្មដំបូងសម្រាប់ចាប់ផ្តើមអាជីវកម្ម, ជាពិសេសទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញកសិកម្មលើការដាំដុះតាមប្រព័ន្ធទំនើប ការចិញ្ចឹមសត្វ និងការធ្វើជីធម្មជាតិ រួមនឹងអត្ថប្រយោជន៍ជាច្រេីនទៀត៕










