(កំពង់ចាម)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលដឹកនាំដោយ ឯកឧត្តម គីម វីរៈ បាននាំយកអាវរងាចំនួន ៥០ដុំធំ ផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីចែកជូនដល់ វីរកងទ័ពជួរមុខ និងជនភៀសសឹកតាមបណ្តាព្រំដែន មួយចំណែកទៀត ទុកសម្រាប់ប្រជាពលរដ្ឋភៀសសឹកដែលមកស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន នៃគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្តល់ជំនួយជាអាវរងាយ៉ាងច្រើន មកដល់រដ្ឋបាលខេត្តកំពង់ចាម។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម គីម វីរៈ និងក្រុមការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈរដ្ឋបាល ជាពិសេស ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការឧបត្ថម្ភនាពេលនេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយសម្រាលទុក្ខលំបាក ខណៈប្រជាពលរដ្ឋកំពុងប្រឈមនឹងស្ថានភាពលំបាក ហើយជាសក្ខីភាពបង្ហាញពីស្មារតីមនុស្សធម៌ ការចែករំលែក និងសាមគ្គីភាពរបស់សង្គមខ្មែរ។
ជាមួយគ្នានេះ ឯកឧត្តម គីម វីរៈ បានលើកឡើងថា នៅខណៈពេលដែលប្រទេសកម្ពុជា កំពុងត្រូវបានឈ្លានពានពីកងទ័ពថៃ មកលើអធិតេយ្យភាព និងបូរណភាពដែនដីកម្ពុជា ឯកឧត្តម រួមទាំង ថ្នាក់ដឹកនាំផ្សេងៗទៀត នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរួមសហការគ្នា នាំយកនូវអាវរងា យកមករដ្ឋបាលខេត្ត ដើម្បីបន្តយកទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពនៅតំបន់ជួរមុខ៕

