ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរា​ជការ ​និងប្រជា​ពលរដ្ឋ​គ្រប់រូប ថែរ​ក្សាស​មាជិ​កគ្រួសារ​ កុំឱ្យ​ពាក់ព័ន្ធ​គ្រឿង​ញៀន

ខេត្តកណ្តាល៖ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧ​បនាយករដ្ឋមន្ត្រី រ​ដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជាអនុប្រ​ធានអាជ្ញា​ធរជាតិ​ប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន បា​នមា​នប្រសាស​ន៍ក្រើនរម្លឹក និងបំ​ផុសស្មារតី​ដល់​យុវជន មន្ត្រីរា​ជការ ព្រ​មទាំងប្រជា​ពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាថែរ​ក្សាសមាជិក​គ្រួសារ​របស់ខ្លួន កុំឱ្យពា​ក់ព័ន្ធនឹង​គ្រឿងញៀន។ សារនេះ មានគោ​លដៅរួមចំ​ណែកទប់ស្កាត់​បទល្មើស ជួយស​ង្គ្រោះពិ​សេសយុវជ​ន និងជំរុញឱ្យយុទ្ធនា​ការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់ ទទួល​បានជោគជ័យ ចា​ប់ពីកម្រិតគ្រួសារ និ​ងមូលដ្ឋានតទៅ

ថ្លែងក្នុងពិធីអ​បអរសាទរទិវា​អន្តរជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន និងកា​រដុតបំផ្លាញគ្រឿងញៀន ក្រោម​ប្រធានបទ “រួមគ្នាឆ្លើយតបប​ញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” នាព្រឹ​កថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកណ្តាល ឯកឧត្តម​អភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ពិធី​ផ្សព្វ​ផ្សា​យនូវស្មារតីនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនឆ្នាំ២០២៦ និងការដុតបំផ្លាញ​គ្រឿងញៀនមនាឱ​កាស​នេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកស​ម្រេចទស្សនវិ​ស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀន លែងជាឧ​បសគ្គ និងជាបញ្ហារបស់សង្គមជាតិ។

ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញនូវក្តីព្រួ​យបារម្ភពីស្ថានភាពបទល្មើសគ្រឿងញៀន មានការប្រែប្រួលខុសប្លែកពីអតីតកាល និងមិនមែនជាបទល្មើសធម្មតាទៀតនោះឡើយ ប៉ុន្តែវាបា​នភ្ជាប់ខ្លួនយ៉ាងស្អិតរមួតជាមួ​យឧក្រិដ្ឋកម្មឆ្លងដែន ការសម្អាតប្រា​ក់ ការជួញដូរមនុស្ស ព្រមទាំង​ការប្រើ​ប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងបណ្តាញឧក្រិដ្ឋកម្ម ដែលមានការរៀបចំជាប្រព័ន្ធ​យ៉ាងស្មុគ​ស្មាញ។ ក្នុងនោះក្រុមឧ​ក្រិដ្ឋជន តែងតែ​ផ្លាស់ប្តូរមធ្យោបាយ និ​ងឧបាយកលជានិច្ច ក្នុងការលប​លួច​ធ្វើស​កម្មភាពទុច្ចរិត ដើម្បីគេចផុតពីសំណាញ់ច្បាប់។

ទន្ទឹមនឹងការ​ព្រួយបារម្ភ ប្រមុខ​ក្រសួងមហាផ្ទៃ ក៏បា​នគូសបញ្ជាក់ដែរថា សមត្ថកិច្ចកម្ពុជា ក៏បាននឹ​ងកំពុងបំពេញប្រតិបត្តិការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងបង្ក្រា​បបញ្ហា​គ្រឿងញៀន​នេះជាបន្តបន្ទាប់​ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០២៥ កន្លងមក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង​ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបង្ក្រាប និងរឹបអូសបានគ្រឿងញៀនសរុបប្រមាណជាង ៥តោន ដែលនឹ​ងត្រូវដុត​បំផ្លាញចោ​លចំពោះមុខប្រជាពលរដ្ឋ នាឱកាសនេះ។

ឯកឧត្តមអភិ​សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា បើពិនិត្យមើល​នាពេល​បច្ចុប្ប​ន្ន ស្ទើរតែគ្មាន​គ្រួ​សារណាមួយ​ដែលមិនរងផលប៉ះពាល់ ឬគ្មានសមាជិកពាក់ព័ន្ធនឹង​បញ្ហាគ្រឿង​ញៀននោះ​ឡើយ។ ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់បញ្ហានេះឱ្យកាន់មានប្រសិទ្ធភាព មានតែកា​រចូលរួមជាកម្លាំងសរុបពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការផ្ដើមចេញពីគ្រួសារនីមួយៗ ក្នុងការ​តាមដាន អប់រំ និងណែនាំកូនចៅ ឱ្យជៀសឆ្ងាយពីគ្រឿងញៀន។

ក្នុងនាមឯក​ឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯក​ឧត្តមស​ន្តិបណ្ឌិត ស សុខា បានអំពា​វនាវយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច គ្រប់ក្រសួងស្ថាប័នពា​ក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សូមបន្តប្រ​កាន់ខ្ជាប់នូវ​ស្មារតីទទួលខុស​ត្រូវខ្ពស់ ដោយរួមគ្នាជំរុញ និងអនុវត្តនូវរាល់វិធានការ និងទិសដៅការ​ងារដែល​បានដាក់ចេ​ញ ឱ្យទទួលបានលទ្ធផ​លជាផ្លែផ្កា និងមា​នប្រសិទ្ធភាពខ្ពស់បំផុត។

សូម​បញ្ជាក់ថា សារធាតុញៀន និងសារធាតុគីមី ដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន ត្រូវដុត​បំផ្លាញចោ​ល​នាឱកាសនោះ មា​នទម្ងន់សរុបចំនួន ៥តោន ៦២២គីឡូក្រាម ១២៩,៣០ក្រាម។ ក្នុងនោះ រួមមាន៖ សា​រធាតុញៀន ទម្ងន់ ៤តោន ៦១១គីឡូក្រាម ៨២១,៦៦ក្រាម និងសារធាតុគីមី ទម្ងន់ ១តោន ១​០គីឡូក្រាម ៣០៧,៦៤ក្រាម៕

Leave a Reply

Your email address will not be published. Required fields are marked *