(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:៤១នាទីរសៀល ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។ ពិធីបុណ្យប្រារព្ធធ្វើនៅវត្តនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម។
ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនោះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានបង្ហាញនូវការសោកស្តាយ អាឡោះអាល័យយជាពន់ពេក ចំពោះការបាត់បង់ លោក ម៉េង ហ៊ាង ដែលជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ ព្រមទាំងក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុងបុត្រធីតាទាំងអស់ប្រកបដោយការទទួលខុសត្រូវ និងប្រកប ដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់នូវមន្ត្រី ថ្នាក់ដឹកនាំដ៏មានបទពិសោធន៍មួយរូប ក្នុងការដឹកនាំមូលដ្ឋាន និងការចូលរួមកសាង អភិវឌ្ឍន៍ជាតិ មាតុភូមិ ស្ទើរពេញមួយជីវិតរបស់លោក។
ទោះបីរូបកាយរបស់លោក ម៉េង ហ៊ាង បានលាចាកពីយើងទាំងអស់គ្នាក៏ពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់លោក បាននៅដិតដាមនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ត កូនចៅ មន្រ្តីរាជការ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
ជាការជូនដំណើរជាលើកចុងក្រោយ ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងសហការី លើកដៃប្រណម្យ ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ៕








