ឯកឧត្តមអភិ​សន្តិបណ្ឌិត​ ស សុខា អំ​ពាវនាវ​អង្គ​ការ ​ស​មាគម ​និង​ដៃគូអភិវឌ្ឍន៍ បន្តចូលរួម​លើក​កម្ពស់​ការ​អភិវឌ្ឍជាតិ

(ភ្នំពេញ)៖ថ្លែងក្នុងឱកាស​អញ្ជើញជាអ​ធិបតីដ៏ខ្ពង់​ខ្ពស់ពិធីបិទ​វេទិកាស្តីពី​ភាពជាដៃ​គូរវាងរាជរ​ដ្ឋាភិ​បាល និ​ងអង្គការ​សង្គមស៊ីវិល ​លើកទី៧ ក្រោ​មប្រធាន​បទ សិទ្ធិសេ​រីភាពសមាគម និងអង្គ​ការមិន​មែនរដ្ឋាភិ​បាល ក្នុងប​រិបទឌីជីថល ​នាព្រឹកថ្ងៃទី២៨ ​ខែកក្កដា ឆ្នាំ២​០២៦ នៅទីស្តីការ​ក្រសួងមហាផ្ទៃ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអំពាវនាវអង្គការ សមា​គម និងដៃគូអភិវឌ្ឍន៍​ទាំងអស់ បន្តចូលរួម​ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ព​ស់ការអភិវឌ្ឍ​ជាតិប្រកប​ដោយចីរភាព ស្របតាម​គោ​លការណ៍​ដឹកនាំដ៏ឈ្លាសវៃ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម​អភិសន្តិបណ្ឌិត បានគូសបញ្ជា​ក់ថា វេទិកាដែលបានរៀបចំរហូតមកដល់លើកទី៧នេះ បានស្តែងឱ្យ​ឃើញនូវកា​រប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋា​ភិបាលកម្ពុជា ​ក្នុងការរក្សា និងពង្រឹង​យន្តការស​ន្ទនាជាប្រព័ន្ធរវាង​ស្ថាប័នរដ្ឋ និងអង្គកា​រសង្គមស៊ីវិល ដើម្បីរួមគ្នា​ដោះស្រាយបញ្ហាប្រឈម និងស្វែង​រកដំណោះស្រាយរួម ក្នុងស្មារតីជាដៃគូពិតប្រាកដ។

ក្នុងន័យ​នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ​ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិ​បាលនៅ​តែបន្តរក្សា​ជំហរចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដែលបា​នចូលរួ​មចំណែ​កយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍជាតិលើគ្រប់វិស័យ ចាប់តាំងពីដំ​ណាក់កាលដំ​បូងរ​ហូតមកដល់បច្ចុប្បន្ន។ ជា​ក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ការចុះបញ្ជីអង្គការ​សង្គមស៊ីវិ​លក្នុងស្រុក​ មានចំនួន​សរុប ៦ ៥៩៧ ក្នុងនោះមានសមាគមចំនួន ៣ ០០១ និងអង្គការមិនមែន​រដ្ឋាភិបាលចំនួន ៣ ៥៩៦។

ប្រមុខក្រសួងម​ហាផ្ទៃ ក៏បា​នចាត់ទុកវេទិកាលើកទី៧នេះ ជាវេទិកាដ៏មានសារៈសំខាន់ ស្របពេល​ដែលបច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូររបៀបធ្វើការ របៀបទំនាក់ទំនង របៀបទទួលសេវា និងរបៀប​ដែលប្រជាព​លរដ្ឋចូលរួមនៅក្នុងកិច្ចការសង្គម។ ដូច្នេះ បរិបទឌីជីថល បានបង្កើតឱកាស​ថ្មីៗស​ម្រាប់​សមា​គម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មាន កៀរគរធនធាន សម្រប​សម្រួល​សកម្មភាពផ្តល់សេវាដល់សហគមន៍ និងបង្កើនការចូលរួមរបស់ពលរដ្ឋ។

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាល ដែលបា​នទទួលសម្របសម្រួលដោះស្រាយសំណើ និងសំណូមពរនានារបស់អង្គការសង្គមស៊ីវិល ព្រមទាំ​ងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រសួងស្ថាប័ន រដ្ឋបាលរាជធានីខេត្ត ស្ថានទូត ដៃគូអភិ​វឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន និងភាគី​ពាក់ព័ន្ធទាំងអស់ ដែល​បានចូលរួមធ្វើវេទិកាលើកទី៧នេះ។

ដោយឡែកចំ​ពោះបញ្ហាប្រ​ឈមទាំងឡាយដែលបានលើកឡើងក្នុងវេទិកានេះដែរ ប្រមុខក្រសួ​ងមហាផ្ទៃ បា​នចាត់ទុកជាធាតុចូលដ៏មានតម្លៃ ក្នុងការស្វែងរកដំណោះស្រាយ និងកែសម្រួល​នីតិវិធីរដ្ឋបា​លឱ្យកាន់តែមានភាពងាយស្រួល ពិសេសការជំរុញយន្តការឌីជីថល ដើម្បីកាត់បន្ថ​យភាពស្មុគ​ស្មាញ និងឆ្លើយតបទៅនឹងសំណូមពររបស់សមាគម និងអង្គការមិន​មែនរដ្ឋាភិបាល​ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ពីវេទិកានោះ ប្រមុ​ខក្រសួងមហាផ្ទៃ ក៏​បានផ្តល់អនុសាសន៍ណែនាំដល់សមាគម និងអង្គការមិ​នមែនរដ្ឋាភិ​បាលទាំងអស់ ត្រូវប្រតិបត្តិការឱ្យស្របតាមច្បាប់ជាធរមាន មានតម្លាភាពហិរញ្ញវត្ថុ និងប្រើប្រាស់ប្រព័ន្ធឌីជីថល ប្រកបដោយការទទួលខុសត្រូវ។ ចំណែករដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្ក​លក្ខណៈងាយស្រួល រៀបចំវេទិកាពិគ្រោះយោបល់ទៀងទាត់ និងចាត់វិធា​នការទប់​ស្កាត់សកម្មភា​ពបោកប្រាស់ក្នុងមូលដ្ឋាន។

វេទិកាលើកទី៧នេះ បានរៀបចំឡើងក្នុងគោ​លបំណងពិនិត្យ​មើលវឌ្ឍនភាពការងា​រដែលសម្រេចបា​នបន្ទាប់ពីវេទិកាលើកទី៦កន្លងមក ក្នុងការចែករំលែ​កបទពិសោធ​ល្អៗដែលបានម​កពីការអនុវត្តជា​ក់ស្តែង កា​រលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​នានាជា​ធរមាន ការប្រមូលសំណើ សំណូមពរចាំបាច់របស់អង្គការសង្គមស៊ីវិល និងអាជ្ញាធរ​មូលដ្ឋា​ន ដើម្បីដាក់ជូនក្រ​សួងស្ថាប័ន របស់រាជរដ្ឋាភិបាលពិនិត្យសម្របសម្រួលដោះស្រាយ និងលើក​ស្ទួ​យ​នូវការអនុវត្តសិទ្ធិសេរីភាពរបស់សមាគម និងអង្គការមិ​នមែនរដ្ឋាភិ​បាលក្នុងបរិប​ទនីតិរដ្ឋនៅ​កម្ពុជា។

វេទិកាលើ​កទី៧នេះ មា​នការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោ​មជាតិ ស​មាគមក្រុមប្រឹក្សារដ្ឋបាលមូលដ្ឋាន តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ អ្នកសារព័ត៌មាន និងតំណាងអង្គការសង្គមស៊ីវិល សរុបចំនួនប្រមាណ ៧០៨នាក់ ក្នុងនោះចូលរួមផ្ទាល់ ចំនួន ៥០០នាក់ និង​ចូលរួមតាមប្រព័ន្ធអនឡាញ ចំនួន ២០៨នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *