(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ យ៉ាំង មិញសៀង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្តីពីករណីលួចកាត់សោរផ្ទះចូលលួចម៉ូតូនិងសម្ភារៈក្នុងផ្ទះរបស់ខ្លួន ដែលប្រព្រឹត្តកាលពីវេលាម៉ោង៣និង០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងខណៈពេលខ្លួនមិននៅផ្ទះ។
ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះខាងលើ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុខាងលើ និងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៦ ខែកក្កដា នៅចំណុចផ្លូវខារ៉ាអូខេហ្គោលថោន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ រួមមាន៖ ១–ឈ្មោះ ស្រ៊ា រដ្ឋា ហៅក្រៅយុទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះ ដែន ដេត ភេទប្រុស អាយុ១៤ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ គ្មានផ្លាកលេខ សណ្តោងរ៉ឺម៉ក់ ចំនួន០១គ្រឿង, ២.ទូរសព្ទ ចំនួន០១គ្រឿង ,៣.សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។ ៤.ម៉ូតូម៉ាកហុងដា អាយខន ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះ), ៥.កង់រថយន្ត ចំនួន០១គ្រាប់ (ប្រគល់ជូនជនរងគ្រោះ) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាត់សោទ្វារផ្ទះរបស់ជនរងគ្រោះចូលលួចបានម៉ូតូ១គ្រឿង ម៉ាកអាយខន ពណ៌ទឹកសមុទ្រ រួមនឹងសម្ភារៈមួយចំនួនទៀតពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕






