ឯកឧត្ដម ឌិត ទីណា អញ្ជើញចែកស្រូវពូជដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចែកស្រូវពូជដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងស្រុកមង្គលបូរី ចំនួន៤,៦២១គ្រូសារនិងក្រុងសិរីសោភ័ណ ចំនួន២០៥គ្រួសារ។
ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ មានការអមដំណើរដោយឯកឧត្ដម ប្លែក វ៉ា រី ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីប្រតិភូអមដំណើរក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរស្រុក និងក្រុង អាជ្ញា ធរមូលដ្ឋានផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះពុកម៉ែបងប្អូនទាំងអស់ផងដែរ។ សម្តេចធិបតី រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងនៅកៀកជាមួយប្រជាពលរដ្ឋជានិច្ចក្នុងគ្រប់កាលៈទេសៈ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋបាលខេត្ត អាជ្ញាធរក្រុង-ស្រុក ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានផ្តល់ស្បៀងអាហារ និងទំនុកបម្រុង ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ពុកម៉ែបងប្អូនដែលរងគ្រោះ។

ឯកឧត្ដម ក៏បានបញ្ជាក់ថា ក្នុងនាមក្រសួងកសិកម្ម នឹងបន្តជ្រោមជ្រែងប្រជាកសិករ ក្នុងការស្ដារមកវិញនៅរដូវកាលក្រោយ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលនឹងជួយកាត់បន្ថយថ្លៃដើមនៃការដាំដុះ៕

Leave a Reply

Your email address will not be published. Required fields are marked *