ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧

ប៉ៃលិន៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំសិក្សាថ្មី ២០២៦-២០២៧នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន ១០កន្លែង ក្នុងនោះវិទ្យាល័យចំនួន ៤ និង អនុវិទ្យាល័យចំនួន ៦ (គ្រឹះស្ថានមធ្យមសិក្សាឯកជនចំនួន ១កន្លែង) ដែលមាន សិស្សសរុប ៦.១៦៧នាក់ ស្រី ៣.៨៥១នាក់, គ្រឹះស្ថានបឋមសិក្សាសាធារណៈសរុបចំនួន ៥៣សាលា មានសិស្សសរុប ១៣.០៣០នាក់ ស្រី ៦.១៥១នាក់, គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈចំនួន ២៧កន្លែង (សាលាមត្តេយ្យដាច់ដោយឡែក ២សាលា) សិស្សសរុប ១៨០០នាក់ ស្រី ៩៣១នាក់, មត្តេយ្យសហគមន៏ ១៣កន្លែង សិស្សសរុប ៤០០នាក់ ស្រី ២០០នាក់ និងមត្តេយ្យឯកជន ១០កន្លែង សិស្សសរុប ៧១៩នាក់ ស្រី ៣៩៧នាក់។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ ចាត់ទុក ជា ឆ្នាំ ទី៤ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្ដើម អនុវត្ដអាទិភាពគោលនយោបាយ សំខាន់ៗ ពាក់ព័ន្ធ នឹង វិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្រ បញ្ច កោណដំណាក់កាលទី១ ដោយ ផ្តោតលើ ការពង្រឹង គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការដាក់ ចេញនូវវិធានការគន្លឹះ សម្រាប់ ដោះស្រាយក្នុង នីតិកាល ទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយ ផ្តោតលើការពង្រឹង គុណភាព សាលារដ្ឋ ចាប់ពី ថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ច ការ សំខាន់ៗ ព្រមទាំងយុទ្ធសាស្ត្រកំណែទម្រង់អាទិភាព ៨ចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញរួមមាន៖ ១-ការ កសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព, ២-កំណែទម្រង់សាលារៀន, ៣-ការអភិវឌ្ឍយុវជន ដើម្បីលើកកម្ពស់បំណិន សតវត្សទី២១, ៤-ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ៥-ការអប់រំឌីជីថល, ៦-កំណែទម្រង់សាលាគរុកោសល្យ, ៧-ការ លើកកម្ពស់សុខភាពសិក្សា និង ៨-ការបង្កើតមជ្ឍមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំ ពង្រីកសក្ដានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀន និងរៀន ដើម្បីឱ្យសាលារៀនរបស់ យើង ក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ព្រមទាំងបន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅគ្រប់ គ្រឹះស្ថានសិក្សា ថែមទាំងរៀបចំបរិស្ថានសាលារៀនស្អា បៃតង ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិត ស្អាត ស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ នៅគ្រឹះស្ថានសិក្សាគ្រប់កម្រិត ដែលទាំងនេះ ជាអ្វីដែលវិស័យអប់រំ យុវជន និងកីឡាខេត្ត នឹងត្រូវអនុវត្តរួមគ្នាប្តេជ្ញាឱ្យចេញជាផ្លែផ្កា នៅលើដំណើរការកំណែទម្រង់ ការពង្រឹង និងពង្រីកស្តង់ដាសាលាគំរូ នឹងរួមគ្នាបំពេញការងារតាមតួនាទីយ៉ាងខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ ២០២៤-២០២៨, ផែនការអភិវឌ្ឍតាមវិស័យ និងផែនការពាក់ព័ន្ធផ្សេងទៀត ដែលមានកំណត់សូចនាករ និងក្របខ័ណ្ឌពេលច្បាស់លាស់។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ និងសំណូមពរដល់លោក គ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ជាមគ្គុទ្ទេសន៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃ ប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំង ការ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ហើយចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង «អំពើល្អ» ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុង សង្គម និងប្រទេសជាតិ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗផងដែរ។

សូមបញ្ជាក់ថា៖ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នោះដែរលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៍បានឧបត្ថម្ភជាសម្ភារៈសិក្សា និងថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ១៤០នាក់ ដោយក្នុង ម្នាក់ៗទទួលបានថវិកា ចំនួន ៥០,០០០រៀល, យុវជនកាយរឹទ្ធ ថវិកា ១លានរៀល និងសិស្សានុសិស្សចំនួន ២៤៧៧នាក់ ដោយក្នុងម្នាក់ៗទទួល បាន សៀវភៅ ប៊ិក និងថវិកាចំនួន ៥០០០រៀល៕

Leave a Reply

Your email address will not be published. Required fields are marked *