បន្ទាយមានជ័យ ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» រយៈពេល៩ខែ ដើមឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមប្រតិភូអមដំណើរ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត ស្ថាប័ន តុលា មេបញ្ជាការ កងកម្លាំង អភិបាល ក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ប៉ុស្តិ៍ នគរបាល ។
ឯកឧត្ដម អ៊ុំ រាត្រី ក៏បានរាយការណ៍សង្ខេបជូនអង្គពិធី និងបានធ្វើការប្ដេជ្ញាចិត្តក្នុងការអនុវត្តនូវគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាលប្តេជ្ញា បង្ក្រាបរាល់បទល្មើសក្មេងទំនើង លួច ឆក់ ប្លន់ ល្បែងស៊ីសង ករណីគ្រឿងញៀនជាដើម។ ជាពិសេសបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ដែលកន្លងមករដ្ឋបាលខេត្ត បានអនុវត្តដូចភ្លៀងរលឹម បង្ក្រាបបានជាបន្តបន្ទាប់ តាំងពីរូបភាពធំរហូតដល់រូបភាពតូចៗដោយមិនបន្ធូដៃឡើយ។ ព្រមទាំងបញ្ជូនជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាបន្តបន្ទាប់ផងដែរ។
នាឱកាសឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើការវាយតម្លៃខ្ពស់ និងគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាល និងសមត្ថកិច្ចគ្រប់ថ្នាក់របស់ ខេត្ត ក្នុងការអនុវត្តច្បាប់យ៉ាង ម៉ឺងម៉ាត់បង្ក្រាបបទល្មើស (Online Scams) ទទួលបានលទ្ធផលល្អ និងបន្តរួមគ្នាជាធ្លុងមួយក្នុង ការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីថែរក្សាសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនរឹងមាំយូរអង្វែងក្រោម គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយថាមពល។
ក្នុងនាមក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព» ឯកឧត្ដមថ្លែងនូវការកោតសរសើរ និងចូលរួមលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់បន្តសហការអនុវត្តបានជាប្រចាំ និងដូច ភ្លៀងរលឹម ដើម្បីធានាឱ្យមូលដ្ឋានគ្រប់ថ្នាក់ ឈានទៅគ្មានបទល្មើស និងបន្តធានាបង្ក្រាបបទល្មើស ឱ្យបានលើសពី ៨០% ជាមួយនោះក៏ត្រូវខិតខំបង្ក្រាបឱ្យមានប្រសិទ្ធភាពនូវបទល្មើសលួចលាក់ នាំទំនិញចូលពីប្រទេសថៃដោយខុសច្បាប់។
ក្នុងនោះ ឯកឧត្ដម ក៏បានណែនាំបន្ថែមដល់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត បន្តយកចិត្តទុកដាក់ អនុវត្តតាមផែនការលើកិច្ចការអប់រំផ្សព្វផ្សាយ ការរៀបចំ វេទិកាសាធារណៈ ការកសាងចលនាប្រជាការពារ ការពង្រឹងប៉ុស្តិនគរបាលរដ្ឋបាល។ ដើម្បីឈាន ទៅទទួលបានជ័យលាភីក្នុង ចលនាប្រឡងប្រណាំអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព» នាពេលខាងមុខត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងឡើងថែមទៀតនូវប្រសិទ្ធភាពឆ្លើយតប តាមលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។ មួយវិញទៀត ដើម្បីឱ្យទិសដៅការងារបន្តមានលក្ខណៈត្រឹមត្រូវ ច្បាស់លាស់ គឺត្រូវធ្វើយ៉ាងណា ឱ្យឆ្លើយតបទៅនឹងផែនការណែនាំ យុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរបស់ក្រសួងមហាផ្ទៃ ច្បាប់ស្តីពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងព្រឹត្តិការណ៍ថ្មីៗ ដែលពាក់ព័ន្ធដល់ការងារ សន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រជាក់ស្តែងរបស់ខេត្តផងដែរ៕





















