(បន្ទាយមានជ័យ)៖ហាងលក់ផាសអាប់ (pass app) មួយកន្លែងនៅជាប់បណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ/សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង១៩ និង៣០ នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បង្កការភ្ញាក់ផ្អើល ។ភ្លាមនោះកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានចុះជួយអន្តរាគមន៍ ដោយនាំយកបំពង់ពន្លត់អគ្គីភ័យនិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានធ្វើការបាញ់ពន្លត់ ដើម្បីទប់ស្កាត់ការឆេះរាលដាលដល់ផ្ទះអ្នកជិតខាង រហូតដល់វេលាម៉ោងជាង ២១ ទើបកម្លាំងសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានមួយរយភាគរយពោលគឺភ្លើងបានរលត់ទាំងស្រុង ពុំមានអ្នករងរបួស ឬគ្រោះថ្នាក់ដល់ជីវិតនោះទេ ។
ពាក់ព័ន្ធករណីនេះបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា អគ្គីភ័យឆាប់ឆេះនេះគឺផ្ដើមចេញពីការផ្ទុះកំប៉ុងហ្គាស តែយ៉ាងណាក្តីបើតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ករណីដែលបង្កគ្រោះអគ្គីភ័យនេះគឺមូលហេតុមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះបារ៉ែតភ្លើង) ដោយកម្លាំងយើងបានប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យនិងរថយន្តពន្លត់អគ្គិភ័យ ចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់២៨ធុង ហើយសម្ភារ:ខូចខាតទាំងស្រុងមានម៉ូតូកង់បី ផាសអាប់(pass app) ចំនួន៣១គ្រឿង និងម៉ូតូ ៣គ្រឿង រួមនិងគ្រឿងបន្លាស់មួយចំនួនទៀតផងដែរ ៕







