(បន្ទាយមានជ័យ) សូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ដែលបានបញ្ចប់ឆ្នាំសិក្សាដោយជោគជ័យ ។នេះជាសាទររបស់លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារអប់រំ ប្រចាំឆ្នាំសិក្សា ២០២៥–២០២៦ និងលើកទិសដៅបន្តឆ្នាំសិក្សា២០២៦–២០២៧ ចែកវិញ្ញាបនបត្របណ្ឌិតស្រមោល ប័ណ្ណសរសើរ ប័ណ្ណអាហារូបករណ៍ ដល់សិស្សពូកែប្រចាំឆ្នាំ របស់សាលាអន្តរជាតិ យូ អេស អេ (USA) សាខាខេត្តបន្ទាយមានជ័យ ។ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែកក្តដា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អាង រ៉េន អគ្គនាយករង សាលាអន្តរជាតិ យូ អេស អេ (USA) លោក យ៉ែម ប៊ុនឆាត នាយកចំណេះទូទៅ សាលាអន្តរជាតិ យូ អេស អេ និងលោកស្រី សេង ឆេងម៉ី នាយិកាសាខាទី១០ សាខាបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សគ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករផងដែរ។
លោក អាង រ៉េន អគ្គនាយករងសាលាអន្តរជាតិ យូ អេស អេ (USA) សាខាខេត្តបន្ទាយមានជ័យ បានមានមតិលើកឡើងថា៖សាលាអន្តរជាតិ យូ អេស អេ (USA) បានកសាងកេរ្តិ៍ឈ្មោះនិងបើកដំណើរការបង្រៀន និងរៀនតាំងពីឆ្នាំ២០០១ រហូតមកដល់បច្ចុប្បន្នមានរយៈពេល ២៥ឆ្នាំមកហើយ គឺជាសាលាដែលមានការអប់រំប្រកបដោយគុណធម៌ខ្ពស់សមសម្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ ម្យ៉ាងវិញទៀតការបង្រៀនគ្រប់កម្រិតចាប់ពីថ្នាក់មត្តីសិក្សាដល់បឋមសិក្សាថ្នាក់ទី១ ដល់ថ្នាក់ទី៦ អនុវិទ្យាល័យថ្នាក់ទី៧ ដល់ថ្នាក់ទី៩ និងវិទ្យាល័យថ្នាក់ទី១០ ដល់ថ្នាក់ទី១២។មិនតែប៉ុណ្ណោះសាលាបានបើកបង្រៀននៅកម្មវិធីសិក្សាភាសាអង់គ្លេស សម្រាប់កុមារ និងមនុស្សពេញវ័យ ពេញម៉ោង និងក្រៅម៉ោងសិក្សាផងដែរ។ចំពោះសិស្សភាសាអង់គ្លេសកម្រិតខ្ពស់និងត្រូវប្រឡងយកវិញ្ញាបនប័ត្រអន្តរជាតិខេមប្រ៊ីដ (cambridge) ដែលមានការទទួលស្គាល់ទាំងក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។
លោក អាង រ៉េន បានបន្តបញ្ជាក់ថា៖ថ្ងៃនេះយើងមានប្អូនៗក្មួយៗ សិស្សានុសិស្សជ័យលាភី សិស្សឆ្នើម និងបញ្ចប់កម្រិតសិក្សា ចំនួន៣៤២នាក់៖ក្នុងនោះមាន បណ្ឌិតស្រមោលចំនួន ២៣នាក់,សិស្សឆ្នើមបឋមសិក្ស ចំនួន ៣៩នាក់,សិស្សឆ្នើមវិទ្យាល័យចំនួន ១០នាក់,វិញ្ញាបនប័ត្រភាសាអង់គ្លេស ៤នាក់,បឋមភូមិថ្នាក់ទី៩ចំនួន ៣៤នាក់,និងថ្នាក់ទី១២ចំនួន ២៣នាក់។
ថ្លែងក្នុងឱកាសនោះលោក ឈូ ប៊ុនរឿង បានធ្វើការកោតសរសើរនិងវាយតម្លៃ ដល់សាលាអន្តរជាតិ យូ អេស អេ (USA) ដែលបានសហការរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្ស ហើយសាលា យូ អេស អេ (USA) ជាគ្រឹះស្ថានឯកជនមានចក្ខុវិស័យ និងបេសកកម្មបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយចតុស្តម្ភអប់រំ។ជាពិសេសការអប់រំនេះគឺជាគោលដៅ១ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនិតីកាលទី៧នេះផងដែរ។
លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យក៏បានផ្ដល់ជាទស្សនទានអប់រំកូនចៅចំនួន ៣ចំណុច ដែលឪពុកម្ដាយគ្រប់រូបគួរពិចារណា៖
១,កុំបង្ខំ៖ កុំបង្ខំឱ្យកូនរត់ ទាំងដែលកូនមិនទាន់ចេះដើរ (ត្រូវឱ្យស្របតាមវ័យ និងសមត្ថភាពកូន)។
២,អត្តចរិតសំខាន់ជាងនិទ្ទេស៖ កុំផ្ដោតខ្លាំងតែលើពិន្ទុ ឬនិទ្ទេសពេក ត្រូវផ្ដោតលើការកសាងអត្តចរិត និងសីលធម៌កូនឱ្យបានល្អ។
៣,កូនគឺជាទីពឹង៖ បណ្ដុះបណ្ដាលកូនឱ្យក្លាយជាមនុស្សដែលមានប្រយោជន៍ និងជាទីពឹងពាក់ (ឈើច្រត់) សម្រាប់ឪពុកម្ដាយពេលចាស់ជរា៕
















