(បន្ទាយមានជ័យ) អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ី ឡុង នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ អញ្ជើញចុះពិនិត្យមើលពីការរីកចម្រើន វិស័យសុខាភិបាលក្នុងខេត្ត និងសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណថ្មី ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ឯកឧត្តម ពិតជាមានចិត្តរំភើបរីករាយ ដែលបានឃើញនូវសមិទ្ធផលថ្មីៗអគារធំស្ទឹមស្កៃ មានបន្ទប់ធំទូលាយ និងបំពាក់ទៅដោយឧបករណ៍សម្ភារៈបច្ចេកទេស ថ្មីទំនើបៗ មានទីធ្លាធំទូលាយ មានផាសុខភាពល្អ ខ្យល់អាកាសបរិសុទ្ធ របស់មន្ទីរពេទ្យបង្អែកសិរីសោភ័ណថ្មីនាពេលនេះ ក្នុងការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដោយមានជំនឿទុកចិត្តបាន។
ឯកឧត្តម អ៊ី ឡុង បានបញ្ជាក់ថា៖ គណៈគ្រប់គ្រងនៃមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ជាពិសេស រក្សាឲ្យមាននូវក្រម សីលធម៌វិជ្ជាជីវៈ សីលធម៌ សុជីវធម៌ ជាមួយនឹងអ្នកជំងឺទូទៅ មិនរើសអើងពណ៌សម្បុរឋានៈ៕











