រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមនឹងគណ:ប្រតិភូអមដំណើរ និងថ្នាក់ដឹកខេត្តបន្ទាយមានជ័យ បាននាំយកអំណោយចែកជូនដល់ភរិយាវីរៈកងទ័ពនៅសមរភូមិខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ត្រូវបានបង្ហាញយ៉ាងច្បាស់ក្រឡែតធ្វើឲ្យកងទ័ពមានអារម្មណ៍ថា ពួកគាត់មិនដែលនៅឯកោរឡើយ សាមគ្គីភាពជាតិរឹងមាំ។នេះគឺជាការលើកឡើងក៏ដូចជាការប្ដេជ្ញាចិត្តខ្ពស់ការពារបូរណភាពទឹកដីរបស់មេបញ្ជាការវីរៈកងទ័ពជួរមុខ ក្នុងដំណើរគណៈប្រតិភូអញ្ជើញចុះសាកសួរទុក្ខទុក្ខដល់វីរៈកងទ័ពនិងភរិយាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយក្នុងនោះក៏បាននាំយកនូវអំណោយមួយចំនួននិងថវិកាជូនដល់ភរិយាកងទ័ព ចំនួន ៣០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ១០ គីឡូក្រាម មីមួយកេះ ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ អាវភ្លៀងមួយ និងថវិកា ៥ម៉ឺនរៀល។

លោកជំទាវគតិបណ្ឌិត អុឹង កន្ថាផាវី បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនវីរៈកងទ័ពយើងជានិច្ច ក្នុងនោះលោកជំទាវក៏បានថ្លែងនាំអំណរគុណនិងដឹងគុណជានិច្ចចំពោះវីរៈកងទ័ពដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីដោយក្នុងអំឡុងឆ្នាំ២០២៥ សង្គ្រាមពីរលើកជាមួយចោលសៀមឈ្លានពានកន្លងមកនេះកម្លាំងរបស់យើងបានសហការវាយប្រយុទ្ធតទល់ប្ដូរផ្ដាច់ដើម្បីការពារបូរណភាពទឹកដីអធិបតេយ្យភាពជាតិ។ម្យ៉ាងវិញទៀតស្មារតីសាមគ្គីភាពបានបង្ហាញថាស្មរភូមិក្រោយមិនដែលបំភ្លេចនូវការលះបង់យ៉ាងធំធេងរបស់អ្នកប្រយុទ្ធនៅសមរភូមិមុខឡើយហើយការលើកកម្ពស់កម្លាំងចិត្តនាំគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខគឺជាឱសថទិព្វជួយជ្រោមជ្រែងស្មារតីឲ្យកាន់តែមោះមុតការពារបូរណភាពទឹកដី។ជាចុងក្រោយលោកជំទាវក៏បានក្រើនរំលឹកទាំងអស់គ្នាសូមជឿជាក់លើរាជរដ្ឋាភិបាលដែលកំពុងធ្វើការដោះស្រាយតាមសន្តិវិធីច្បាប់ជាហូរហែលើឆាកអន្តរជាតិ ស្ងាត់ប៉ុន្តែមិននៅស្ងៀមនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *