ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិនិត្យសម្រេចលើខ្លឹមសារកែសម្រួលចុងក្រោយ នៃគោលការណ៍ណែនាំ ស្តីពី បែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប ដែលបានកែសម្រួលចុងក្រោយ ។ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធានមន្ទីរ ស.អ.យ ខេត្តសៀមរាប ត្បូងឃ្មុំ តំណាងជាន់ខ្ពស់ការិយាល័យ JICA ប្រចាំនៅកម្ពុជា ប្រធានមណ្ឌលសំចតប៉ោយប៉ែត និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុបអ្នកចូលរួមចំនួន៧២នាក់ (ស្រី៣២នាក់ )។
សិក្ខាសាលានេះ មានគោលបំណង៖ពិនិត្យសម្រេចលើខ្លឹមកែសម្រួល នៃ «គោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប » ដែលបានរួមបញ្ចូលនូវមតិត្រឡប់ពាក់ព័ន្ធដែលប្រមូលបានក្នុងដំណាក់កាលសាកល្បង ដោយរួមទាំងវិធីសាស្ត្រផ្តោតការយកចិត្តទុកដាក់លើជនរងគ្រោះ។ កម្មវិធីនេះរៀបចំដោយនាយកដ្ឋានគាំពារជនរងគ្រោះនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច សហការជា មួយគម្រោង TRUST ការអភិវឌ្ឍន៍សមត្ថភាពដើម្បីជួយជនរងគ្រោះដែលរួចពីការជួញដូរមនុស្ស (JICA ) ៕

