បន្ទាយមានជ័យ ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារជំនាញ របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការ អតីតិយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំទៅដល់ក្រុមការងារលេខាធិការដ្ឋានក្រុង–ស្រុកទាំងអស់ ត្រូវរួមសហការគ្នាជាមួយនិងមូលដ្ឋាន ក្នុងការស្រង់ស្ថិតិទិន្នន័យ ធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជននៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវការបែងចែកឱ្យបានច្បាស់លាស់រវាងអតីតយុទ្ធជន និងនិវត្តជន ដើម្បីធ្វើរបាយការណ៍មក លេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ធ្វើការស្រង់ទិន្ន័យ ត្រួតពិនិត្យ និងវាយតម្លៃ ។ ជាពិសេសរាល់ការដាក់ពាក្យស្នើសុំរបស់អតីតយុទ្ធជន និងនិវត្តជន ត្រូវធ្វើការធ្វើការត្រួតពិនិត្យវាយតម្លៃលើពាក្យស្នើសុំ និងចុះពិនិត្យជាក់ស្តែង ថាតើពួកគាត់ត្រឹមតាមលក្ខខណ្ឌដែរឬអត់ បើពួកគាត់ពិតជាមានជីវភាពលំបាកពិតប្រាកដមែន ក្រុមការងារនឹងធ្វើការផ្តល់ជូនតាមពាក្យស្នើសុំ។
សូមបញ្ជាក់ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសជាផ្លូវការ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ អ.ន.ក។ ជាមួយគ្នានោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុង–ស្រុក ក៏ត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ចំពោះអតីតយុទ្ធជនដែលកំពុងគ្រប់គ្រងបច្ចុប្បន្ន សរុបចំនួន ៦.៧៥៧ នាក់ អ្នកនៅក្នុងបន្ទុកចំនួន ៨.៥៧៤នាក់ (គ្រួសារជនពលី ចំនួន ១.២៧០ នាក់, គ្រួសារជនមរណ: ចំនួន៦៧០នាក់,និវត្តជន ចំនួន ២.៦៧២ នាក់, ជនបាត់បង់ ចំនួន ៣៨នាក់ , ជនពិការ ចំនួន ២.១០៧នាក់)។ ចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជន មានចំនួន ៥.៥៥២ នាក់ (គ្រួសារជនពលី ចំនួន ៧០៤គ្រួសារ, គ្រួសារជនមរណ: ចំនួន ១៣៣ គ្រួសារ, និវត្តជន ចំនួន ២.៥៩៩នាក់, ជនបាត់បង់សមត្ថភាព ចំនួន ៣៨ នាក់, ជនពិការ ចំនួន ២.០៧៨ នាក់) អតីតមន្រ្តីរាជការស៊ីវិល អតីតមន្រ្តីរាជការស៊ីវិល កំពុងគ្រប់គ្រងបច្ចុប្បន្ន សរុបចំនួន ២.២០៨ នាក់ (និវត្តជន ចំនួន ១.៧៤៦នាក់, ជនបាត់បង់សមត្ថភាព ចំនួន១៩ នាក់, អ្នកនៅក្នុងបន្ទុកចំនួន ៤៤៣នាក់៕

















