បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីសប្បុរសធម៌ កង់នៃសន្តិភាព សិស្សម្នាក់ កង់មួយ អនាគតដ៏ភ្លឺស្វាងមួយ ដល់កុមារកម្ពុជា ដែលជាអំណោយមនុស្សធម៌ សប្បុរសជនមកពីសហរដ្ឋអាមេរិក ប្រទេសកាណាដា និងបងប្អូនសប្បុរសជននៅភ្នំពេញ។ ពិធីនេះបានធ្វើឡើង នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ដោយមានការនិមន្តនិងអញ្ជើញចូលរួមពី ព្រះចៅអធិការវត្តក្នុងស្រុកមង្គលបូរី លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាយកសាលាទាំង៥ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើននាក់ផងដែរ។
កង់ចំនួន ២០០គ្រឿង ដែលបានចែកជូនដល់សិស្សានុសិស្សមកពីសាលាចំនួន៥ នាពេលនេះ គឺកើតចេញពីការរួមគ្នានៃបេះដូងសប្បុរសធម៌របស់សប្បុរសជនមកពីសហរដ្ឋអាមេរិក ប្រទេសកាណាដា និងបងប្អូនសប្បុរសជននៅក្នុងរាជធានីភ្នំពេញ។ នេះសបញ្ជាក់ឱ្យឃើញថា ទោះបីជាស្ថិតក្នុងចម្ងាយភូមិសាស្ត្រខុសគ្នាយ៉ាងណា ក៏ដោយ ក៏ក្តីស្រឡាញ់ និងការចង់ឃើញកុមារកម្ពុជាមានអនាគតរុងរឿង មិនត្រូវបានខណ្ឌចែកឡើយ។
លោក ឃ្លោក នួយ អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជនទាំងអស់។លោកបានសង្កត់ធ្ងន់ថា កង់មួយគ្រឿងសម្រាប់កុមារនៅតំបន់ដាច់ស្រយាល មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរនោះទេ ប៉ុន្តែវាជា កាតាលីករដ៏សំខាន់ក្នុងការជួយសម្រាលបន្ទុកគ្រួសារ កាត់បន្ថយការបោះបង់ការសិក្សា និងជាស្ពានចម្លងពួកគេទៅកាន់ការក្រេបជញ្ជក់ចំណេះដឹងដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។
ទន្ទឹមនឹងការអបអរសាទរ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើទៅកាន់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ។ លោកបានដាស់តឿនឱ្យអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ជួយថែរក្សាកង់ទាំងនេះឱ្យបានល្អ ដើម្បីអាចប្រើប្រាស់បានយូរអង្វែង ព្រោះកង់នីមួយៗតំណាងឱ្យទឹកចិត្ត និងការលះបង់របស់សប្បុរសជន។
គួរបញ្ជាក់ថា ការទទួលបានកង់នាពេលនេះ បានធ្វើឱ្យលោកគ្រូ អ្នកគ្រូ ក៏ដូចជាអាណាព្យាបាលសិស្ស បង្ហាញក្តីរំភើបរីករាយជាពន់ពេក ព្រោះវាបានដោះស្រាយបញ្ហាប្រឈមចម្បងរបស់កុមារក្នុងការធ្វើដំណើរមកសាលារៀន ដែលធ្លាប់តែចំណាយពេលដើររាប់គីឡូម៉ែត្រ មកជាការជិះកង់ដោយភាពងាយស្រួល និងសុវត្ថិភាពជាងមុន ក្រោមម្លប់នៃសុខសន្តិភាព៕











