(បន្ទាយមានជ័យ )៖ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុប លទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៦។កិច្ចប្រេជុំនេះបានធ្វើឡើងនៅសាលប្រជុំ ធំ អគារសេនាធិការដ្ឋានកងរាជអាវុហត្ថខេត្តដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ លោក មេបញ្ជាការក្រុង–ស្រុក មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័តផងដែរ។
នាឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹក ព្រមទាំងបានគោរពនូវដួងវិញ្ញាណក្ខន្ធដល់វីរៈកងទ័ព វីរៈ អាវុធហត្ថ ដែលបានពលីក្នុងសមរភូមិផងដែរ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវការកោតសរសើរដល់នាយទាហាន នៃកងរាជអាវុធហត្ថទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួននាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ ដើម្បីអនុវត្តការងារបន្តប្រកបដោយប្រសិទ្ធភាព លោកមេបញ្ជាការក៏បានផ្តល់អនុសាសន៍មួយចំនួន ត្រូវអនុវត្តតួនាទី ភារកិច្ច បទបញ្ជា ត្រូវពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរបបការងារ មានផែនការចាត់តាំងអនុវត្ត តាមដានត្រួតពិនិត្យ ប្រជុំវាយតម្លៃ និងរាយការណ៍ទៀងទាត់ មានក្រមសីលធម៌វិជ្ជាជីវៈ និងនីតិវិធី និងចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ ជាតិ-អន្តរជាតិ ភ្ញៀវទេសចរណ៍ ជាតិ–អន្តរជាតិ អ្នកវិនិយោគ រាល់ព្រឹត្តិការណ៍ និងពិធីផ្សេងៗ។ សហការ ចូលរួមបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ក្តាប់ឱ្យជាប់ ស្រាវជ្រាវឱ្យម៉ត់ចត់ និងបង្ក្រាបនូវរាល់បទល្មើស ដូចជាបទល្មើសគ្រឿងញៀន, បទល្មើសជួញដូរមនុស្ស, បទល្មើសព្រហ្មទណ្ឌជាដើម៕




















