បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរង ខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិកាចុះផ្សព្វផ្សាយជ្រើសរើស បងប្អូនប្រជាពលរដ្ឋជនភៀសសឹក សិក្សាវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1-1.5M) ដោយឥតគិតថ្លៃ រយៈពេល ៤ខែ និងវាយតម្លៃតេស្តសមត្ថភាពទទួលស្គាល់ជំនាញពីមុន (RPL) ជូនដល់បងប្អូនអតីតពលករ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ចំនួន ៣ភូមិរួមមាន ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបឹងសុក្រម ។ វេទិកាផ្សព្វផ្សាយនេះធ្វើឡើងនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ដោយមានការចូលរួមពី លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ និងក្រុមការងារផ្សព្វផ្សាយ អភិបាលរង ស្រុកថ្មពួក និងអាជ្ញាធរមូលដ្ឋានផងដែរ។
វេទិកានេះមានគោលបំណង៖ ផ្ដល់ព័ត៌មានអំពីឱកាសការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។
លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រមូលផ្តុំព័ត៌មានការងារដ៏សម្បូណ៌បែបសម្រាប់បងប្អូន និងកំពុងតែរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះជារៀងរាល់ចុងសប្តាហ៍ដល់មូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា–ថៃ ដើម្បីធ្វើការផ្សព្វផ្សាយ។
លោកស្រី សំរិទ្ធ សូរ្យជាតិ បានគូសបញ្ជាក់ថា៖ ការនាំយកការងារមកដល់មូលដ្ឋាននាពេលនេះ គឺជួយកាត់បន្ថយទាំងពេលវេលា និងថវិកាសម្រាប់បងប្អូន ដែលខុសប្លែកពីពេលមុន ដែលបងប្អូនត្រូវធ្វើដំណើរទៅរកការងារធ្វើដោយខ្លួនឯង។
ទន្ទឹមនឹងនេះលោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានធ្វើការប្រៀបធៀបយ៉ាងច្បាស់លាស់ពីអត្ថប្រយោជន៍នៃការងារនៅក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយបានសង្កត់ធ្ងន់ថា ការងារក្នុងស្រុកមិនត្រឹមតែទទួលបានប្រាក់ឈ្នួលសមរម្យជាមួយនឹងលក្ខខណ្ឌការងារល្អ អាចរស់នៅជួបជុំគ្រួសារ មើលថែទាំកូន ឪពុកម្ដាយ និងជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ផងដែរ។
ជាមួយគ្នានេះលោក អភិបាលរង ខេត្ត ក៏បានលើកទឹកចិត្តឱ្យបងប្អូន ជាពិសេសយុវជនដែលត្រឡប់ពីប្រទេសថៃ ឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET 1.5M) ដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវជីវភាពសមរម្យសម្រាប់ពលរដ្ឋគ្រប់កាលៈទេសៈ ក៏ដូចជាសម្រេចគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”៕













