ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ ២០២៦ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានប្រារព្ធមេទីញថ្នាក់ខេត្តអបអរសាទរខួបទី ១៦៣ ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ បន្តរួម កម្លាំងគ្នា ដើម្បីមនុស្សធម៌ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌បំពេញតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ។ ជាក់ស្តែង ចាប់ពីខែឧសភា ឆ្នាំ២០២៥ ដល់ខែមេសា ឆ្នាំ២០២៦ សាខាបានយកចិត្តទុកដាក់ ធ្វើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់សប្បុរសជន និងផ្នែកពាក់ព័ន្ធក្នុងការឆ្លើយតបផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ បានចំនួន ១២ ៤៩១គ្រួសារ និងស័ង្កសីចំនួន ១៣ ២០៣ ក្នុងនោះមានខ្យល់កន្ត្រាក់ ជនភៀសសឹក យុទ្ធជនពលី ទឹកជំនន់ អគ្គិភ័យ ស្លាប់ដោយសារលង់ទឹកនិងគ្រួសារក្រីក្រ។
ដើម្បីរួមចំណែកលើកកម្ពស់តម្លៃមនុស្សធម៌សាខាបានផ្ដល់កញ្ចប់ទ្រទ្រង់សុខភាពមាតាទារកនិងកុមារ ចំនួន ៧៩៥កញ្ចប់ បានផ្តល់អំណោយមនុស្សធម៌ ជូនអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន៥០កញ្ចប់និងរទេះជនពិការចំនួន៣៧គ្រឿង។ ជាក់ស្ដែងសាខាបានខិតខំបំពេញបេសកកម្មមនុស្សធម៌យ៉ាងសកម្មក្នុងកំឡុងពេលជម្លោះព្រំដែនកម្ពុជាថៃដើម្បីជួយដល់ជន ក្នុងការឆ្លើយតបស្បៀងការសម្រុះសម្រួលនិងការអប់រំផ្សព្វផ្សាយពីអនាម័យសុខភាពនៅតាមជំរំទូទាំងខេត្តបន្ទាយមានជ័យ។
ធនធាន ជាថវិកានិងសម្ភារៈដែលព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាអស់លោកលោកស្រី អ្នកនាងកញ្ញាបានផ្តល់មកសាខាគឺពិតជាមានតម្លៃថ្លៃខ្លាំងបំផុតក្នុងការឆ្លើយតបទៅនឹងស្ថានភាពលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ជម្លោះព្រំដែននិងវិបត្តិផ្សេងៗនៅក្នុងខេត្តបន្ទាយមានជ័យ។
ថ្លែងទៅកាន់អង្គមីទ្ទិញ ឯកឧត្ដមឌិតទីណា បានមានប្រសាសន៍ថា សមិទ្ធផល និងស្នាដៃដែលសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមកនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋាន ដែលជាការចូលរួមចំណែកធ្វើឲ្យកម្ពុជា ធានានិងរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ឈានឆ្ពោះទៅការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋសម្រាប់កសាងសង្គមមួយឲ្យមានភាពរីកចម្រើនប្រកបដោយចិរភាព។
ឯកឧត្តមបន្តថា ប្រទេសកម្ពុជាបានរងគ្រោះដោយសារជំងឺរាតត្បាតនិងមានជម្លោះព្រំដែនតែទោះបីជាយ៉ាងនេះក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីបានខិតខំ គ្រប់វិធីសាស្ត្រការពារនិងទប់ទល់ជាមួយខ្មាំងសត្រូវឈ្លានពានដោយស្មារតីអង់អាចក្លាហានដើម្បីការពារបូរណភាពទឹកដីហើយមិនតែប៉ុណ្ណោះសម្ដេចបានជំរុញនិងទាក់ទាញវិនិយោគិនឲ្យមកវិនិយោគលើគ្រប់វិស័យនៅកម្ពុជា ដើម្បីបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានី ខេត្ត។
សូមបញ្ជាក់ថា ក្នុងអង្គមីទ្ទិញអបអរសាទរខួបទី១៦៣ កាកបាទក្រហមអឌ្ឍចន្ទក្រហមសម្រាប់ខេត្តបន្ទាយមានជ័យនៅឆ្នាំនេះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គឯកឧត្តម លោកជំទាវ លោកឧកញ៉ាលោក លោកស្រី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូពាណិជ្ជករអាជីវករ សប្បុរសជន គ្រប់មជ្ឈដ្ឋាន បានចូលរួម បរិច្ចាគថវិកាជាបឋមនៅក្នុងថ្ងៃនេះចំនួន ១៨ម៉ឺន ដុល្លារសហរដ្ឋអាមេរិក៕

